យើងខ្ញុំជាថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមអនុញ្ញាតគោរពសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក្នុងថ្ងៃចម្រើនព្រះជន្មាយុ គម្រប់ខួប៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ។
ក្នុងឳកាសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមការអនុញ្ញាតគោរពជូនពរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងប្រាជ្ញាភ្លឺថ្លាវាងវៃ ដើម្បីដឹកនាំក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផល និងជោគជ័យដ៏ត្រចះត្រចង់ជាបន្តបន្ទាប់។ទន្ទឹមគ្នានេះនេះ ក្រសួងមហាផ្ទៃក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីក្នុងរយៈពេលកន្លងមក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការធានាស្ថិរភាពជាតិ សន្តិសុខជាតិនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ជូនរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងក្របខ័ណ្ឌនៃការពង្រឹងនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា
ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅកម្ពុជា។
យើងខ្ញុំជាថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកបុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ ថែរក្សា ការពារនិងប្រោះព្រំនូវសព្ទសាធុការពរជ័យជូន សម្តេចក្រឡាហោម និង លោកជំទាវ ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី សូមសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។