នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ពិធីប្រកាសចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅសាលាស្រុកគូលែន។
មានប្រសាសន៍ក្នុងពិធីនេះដែរ ឯកឧត្តម គីម រិទ្ធី បានថ្លែងអបអរសាទរចំពោះលោកប៉ែន ជឹង ដែលត្រូវតែងតាំងជាអភិបាលស្រុកគូលែនជំនួសលោក ប៉ាង យៀត ដែលត្រូវចូលនិវត្តន៍ ។ បន្ថែមពីនោះឯកឧត្តមបានគូសបញ្ជាក់ពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានរួមមាន កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១ -២០៣០) ត្រូវបានដាក់ចេញនិងអនុវត្តប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ ដោយផ្តោតលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការធានាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ភាពជោគជ័យក្នុងការប្រយុទ្ធការរាតត្បាត ជំងឺកូវីដ១៩ ការរក្សាបាននូវ សុខសន្តិភាព ស្ថេរភាពនយោបាយ សំដៅឲ្យកម្ពុជាមានខឿនសេដ្ឋកិច្ចរឹងមាំ និងការអភិវឌ្ឍលើគ្រប់វិស័យ ។
ជាចុងក្រោយឯកឧត្តមអភិបាលបានស្នើដល់ក្រុមប្រឹក្សា គណៈអភិបាល កងកម្លាំង អាជ្ញាធរ មន្រ្តីរាជការ ក្នុងស្រុកគូលែនទាំងមូល ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការអនុវត្តតួនាទីភារកិច្ច របៀបរបការងារ ខិតខំកសាងសមត្ថភាព និងអភិវឌ្ឍខ្លួន ដើម្បីបំពេញតម្រូវការ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ បន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ ចូលរួមថែរក្សាការពារសន្តិភាព សេ្ថរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សោភណ្ឌភាព របៀបរៀបរយទាំងនៅទីប្រជុំជន និងជនបទ ។