យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រធានកិត្តិយស ប្រធាន អនុប្រធាន និងសមាជិក នៃសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ សូមសម្តែងការចូលរួមអបអរសាទរគាំទ្រយ៉ាងពេញទំហឹងជាទីបំផុត និងប្រកបទៅដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងនៅក្នុងឱកាសដែល ឯកឧត្តមនាយឧត្តមសេនីយ៍កិតិ្តសង្គហបណ្ឌិត ត្រូវបានសហព័ន្ធអតីតយុទ្ធជនអាស៊ានផ្តល់មេដាយ“ភាពជាអ្នកដឹកនាំអតីតយុទ្ធជន” ស្របពេលដែលឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមក្នុងមហាសន្និបាតលើកទី២១ នៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២២នេះ នៅទីក្រុងបាងកក ប្រទេសថៃ។
មេដាយ “ភាពជាអ្នកដឹកនាំអតីតយុទ្ធជន” ពិតជាសាកសមបំផុតចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត កន្លងមកដែលបានខិតខំបញ្ចេញយកអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះញគ្រប់ឧបសគ្គ ដើម្បីបម្រើផលប្រយោជន៍អតីតយុទ្ធជនកម្ពុជា និងជាសេនាធិការផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកផ្តួចផ្តើមបង្កើត និងជាប្រធានដឹកនាំផ្ទាល់ចំពោះសមាគមន៍អតីតយុទ្ធជនកម្ពុជា ដែលបានលើកស្ទួយជីវភាព បង្កើតស្មារតីជួយឧបត្ថម្ភគា្នទៅវិញទៅមក លើកកម្ពស់តួនាទីអតីតយុទ្ធជនបានសាកសមនឹងគុណបំណាច់ចំពោះប្រទេសជាតិនិងប្រជាជន។
មេដាយនេះ គឺជាការទទួលស្គាល់នូវភាពជាគំរូចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត លើកិច្ចការអតីតយុទ្ធជនដែលបានចាប់បដិសន្ធិឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រវត្តិសាស្ត្រមួយដែលពុំធ្លាប់មាននៅកម្ពុជាដែលធ្វើឲ្យសាធារណៈមតិជាតិ អន្តរជាតិ និងអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានអបអរសាទរ។
សូមឯកឧត្តមនាយឧត្តមសេនីយ៍កិតិ្តសង្គហបណ្ឌិត មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងដោយ
សេចក្ដីកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតអំពីយើងខ្ញុំទាំងអស់គ្នា។