រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីចែកគ្រាប់ពូជ និងអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋចំនួន៨៨៤គ្រួសារដែលរងគ្រោះដោយទឹកជំនន់កន្លងមកពីកន្ទួត និងឃុំស្រយង ស្រុកគូលែនចំនួន៦៦៧គ្រួសារ និងស្រុកត្បែងមានជ័យចំនួន២១៧គ្រួសារ ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ខានខេត្តអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក និងមន្រ្តីមួយចំនួនទៀត នៅបរិវេណសាលាស្រុកត្បែងមានជ័យ និងចំណុចផ្ទះក្រហមរបស់ឯកឧត្តម ខេង សុមេធ ឃុំស្រយង ស្រុកគូលែន ខេត្តព្រះវិហារ។
មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តមមាស សុភា បានពាំនាំនូវការសួរសុខទុក្ខនិងនឹករលឹកពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងទ្វេរតែងតែគិតគូរនិងយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកពិសេសរងគ្រោះដោយទឹកជំនន់នាពេលនេះ ។ឯកឧត្តមក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផលបន្ថែមទៀតពិសេសគ្រាប់ពូជដែលទទួលបាននាពេលនេះ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងគ្រួសារ។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅ ចំនួន៨៨៤គ្រួសារ រួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ និងគ្រាប់ពូជមួយចំនួន។