នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាប្រចាំឆ្នាំសម្រាប់ការទិញ-លក់ ដំឡូងមីស្ងួត រវាងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ជាមួយសហគមន៍កសិកម្មខេត្តព្រះវិហារ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម, ប្រធានមន្ទីរកសិកម្មខេត្ត នាយកក្រុមហ៊ុន លោក លោកស្រីតំណាងដៃគូរអភិវឌ្ឍន៍ និងប្រជាសហគមន៍កសិកម្មជាច្រើនរូបទៀត នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តម គីម រិទ្ធី អភិបាលខេត្តបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រុមការងារក្រុមហ៊ុន SBK និងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ពិសេសមន្ទីរកសិកម្មខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងដើម្បីឱ្យមានកម្មវិធីចុះហត្ថលេខានេះ។
ឯកឧត្តម គីម រិទ្ធី បានគូសបញ្ជាក់ថា ថ្ងៃនេះយើងបានចុះហត្ថលេខាលើកិច្ចសន្យា ទិញ លក់ ដំឡូងមីស្ងួត រវាងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ជាមួយសហគមន៍កសិកម្មចំនួន១១ លើបរិមាណជាង ៤៥,៩១៥តោន។ ដែលនេះបង្ហាញពីភាពរឹងមាំនៃទីផ្សារដំឡូងមីនៅកម្ពុជា អាចនាំចេញទៅប្រទេសចិន នឹងអាចចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រឹង ពង្រីកទីផ្សារផលិតផលកសិកម្ម»។
ដើម្បីឱ្យកិច្ចសន្យានេះដំណើរការបានដោយរលូន លោកអភិបាលខេត្តព្រះវិហារ បានណែនាំភាគីទាំងពីរព្យាយាមអនុវត្តឱ្យបានល្អ នូវរាល់លក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចសន្យា ជាពិសេសប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ត្រូវពន្យល់ដល់សមាជិកដែលជាផលិតករ ឱ្យបានយល់ច្បាស់នូវរាល់លក្ខខណ្ឌ រួមទាំងបរិមាណ និងគុណភាពដំឡូងមីស្ងួតដែលត្រូវផ្គត់ផ្គង់ជូនក្រុមហ៊ុន៕