រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលរងខេត្តព្រះវិហារចំនួន៤រូប ត្រូវប្រកាសចូលកាន់តំណែង

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសចូលមុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ក្រោមអធិបបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តមប្រតិភូក្រសួង ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត ប្រធានសាលាដំបូងខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ជាច្រើនរូបនៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអ៊ុំម៉ារ៉ាអភិបាលរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារនាឱកាសនេះ។

ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងនូវកិច្ចការសំខាន់មួយចំនួនស្នើសុំឲ្យរដ្ឋបាលខេត្ត ក៏ដូចថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ដូចមានខាងក្រោមៈ
១.បន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមតាមរយៈការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់ការចរាចរគ្រឿងញៀននៅតាមបណ្តោយព្រំដែន ចូលសហគមន៍ ពង្រឹងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការជម្រុញប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្នោះ និងចុះឈ្មោះបោះឆ្នោត។
២.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះអប់រំប្រជាពលរដ្ឋឲ្យអនុវត្តវិធានសុខាភិបាល៣កុំ ៣ការពារ ពិសេសជម្រុញឲ្យទៅចាក់វ៉ាក់សាំងឲ្យគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមសហគមន៍។
៣.លើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចិរភាព ទប់ស្កាត់ឲ្យបានម៉ឹងម៉ាត់តាមរយៈការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងគ្រប់ភាគី ពិសេសបំផុសប្រជាពលរដ្ឋឲ្យចូលរួមការពារទាំងអស់គ្នា ។ ៤.បន្តជម្រុញការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាពឆាប់រហ័ស និងទាន់ពេលវេលា តាមរយៈច្រកចេញចូលតែមួយ ។
៥.បន្តការអនុវត្តកំណែទម្រងវិជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលតាមរយះការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ(២០២១-២០៣០) ។
៦.បន្តពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន ការពង្រឹងតួនាទី សិទ្ធអំណាចរវាងគណៈអភិបាល និងក្រុមប្រឹក្សា ការទទួលខុសត្រូវជាមួយប្រជាពលរដ្ឋលើការសម្រេចចិត្តនានារបស់ខ្លួន ។
៧.ក្រុមប្រឹក្សាឃុំសង្កាត់ដែលទើបប្រកាសចូលកាន់តំណែងថ្មីៗកន្លងទៅ ត្រូវបំពេញភារកិច្ចដែលប្រជាពលរដ្ឋប្រគល់ជូន ខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឃំុសង្កាត់ឲ្យបានកាន់តែល្អប្រសើរ មិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។

អត្ថបទទាក់ទង