រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោជាសម្ភារបរិក្ខាវិជ្ជាសាស្រ្ត និងថេបប្លេត ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ

នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាពេទ្យ និងថេបប្លេត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនខេត្តទាំង០៦ ក្នុងមានខេត្តព្រះវិហារផងដែរ ។ក្នុងពិធីប្រគល់ទទួលនោះក៏បានការជាអធិបតីភាពដ(ខ្ពង់ខ្ពស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវ លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អំណោយថេបប្លេត និងសម្ភារបរិក្ខាពេទ្យជាច្រើនទៀត និងសូមគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខ ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក៏ដូចជាផែនការចាក់វ៉ាក់សាំង ដែលមានលោកជំទាវជាប្រធានគណៈកម្មការ ក្រោមការចង្អុលបង្ហាញដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយក៏សង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងឆ្លងផុតពីវិបត្តិសកលដ៏កាចសាហាវមួយនេះ នាពេលឆាប់ៗខាងមុខ ជាក់ជាមិនខានឡើយ។ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលបានអញ្ជើញមកផ្ដល់កិត្តិយសប្រគល់នូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ដល់ក្រុមគ្រូពេទ្យខេត្តព្រះវិហារ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ជូនដល់លោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលបានផ្ដល់ឧបករណ៍វាស់ អុកហ្ស៊ីហ្សែន ដល់ក្រុមគ្រូពេទ្យរបស់យើង។
ឆ្លៀតឱកាសនេះផងដែរ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាំងពីឆ្នាំកន្លងទៅ ហើយបាន និងកំពុងប្ដេជ្ញាតស៊ូបន្តទៀត រហូតដល់ជំងឺនេះ ផុតរលត់ពីពិភពលោកនេះតទៅ។

អត្ថបទទាក់ទង