រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្ត ណែនាំដល់អាជ្ញាធរក្រុងស្រុក បំផុសចលនាភូមិដ្ឋានស្អាត សុខភាពល្អ ដល់ប្រជាពលរដ្ឋ

នាព្រឹកថ្ងៃចន្ទ០កើត ខែមិគសរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ សហការ ជាមួយក្រសួងបរិស្ថាន បានរៀបចំ« ទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា » ក្រោមប្រធានបទ « អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ »  ក្រោមអធិបតីភាពឯកឧត្តម នេត សុភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវក្រុមការងារក្រសួងបរិស្ថាន  កងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ យុវជនកាកបាទក្រហម កាយរិទ្ធ សហភាពសហព័ន្ធយុវជនកម្ពុជា និងមន្រ្តីនៃមន្ទីរបរិស្ថានជាច្រើនរូប ។                                                           

មានប្រសាសន៍នាឪកាសនោះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានមានប្រសាសន៍សម្តែងស្វាគមន៍ និងក្តីរីករាយបំផុត ដែលក្រសួងបរិស្ថាន សម្រេចយកខេត្តព្រះវិហារ ប្រារព្ធ« ទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា » ក្រោមប្រធានបទ « អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ » ។ឯកឧត្តមបន្តថា ៖ ទិវានេះប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ទៅដល់សាធារណៈជន សិស្សានុសិស្ស ជាពិសេសជំរុញចលនាចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ។ ឯកឧត្តមបន្តថា ឆ្លងកាត់ សុខសន្តិភាពពេញលេញ និងកំណើនសេដ្ឋកិច្ច ជាង ២ ទស្សវត្សរ៍ កន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋភាគច្រើន បានល្អប្រសើរ ជាពិសេសយកចិត្តទុកដាក់ពីសុខុមាលភាពប្រជាពលរដ្ឋ  លើកម្ពស់គុណភាពជីវិត តាមរយះការដាក់ចេញនូវគោលការណ៍ និងវិធានការនានាជម្រុញធ្វើឲ្យប្រសើឡើងនូវបរិស្ថានល្អ  សោភណ្ឌភាព និងភាពស្រស់បំព្រង ដែលទាំងនេះពិតជាបានរួមចំណែកកសាងសង្គមកម្ពុជាឲ្យកាន់តែរីកចម្រើន ។ 

លើសពីនេះ ឯកឧត្តមបានណែនាំដល់ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវចាត់វិធានការ ធ្វើអនាម័យតាមទីសាធារណៈជាប្រចាំ ដោយត្រូវប្រមូលសំរាម មិនឱ្យមានតាមដងផ្លូវ សួនច្បារ ទីធ្លា ទីផ្សារ ដោយធ្វើយ៉ាងណាជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគលើសេវាប្រមូលសំរាម និងពង្រឹងគុណភាពសេវាឱ្យបានល្អ និងរៀបចំដាំកូនឈើតាមដងផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួន។ នៅតាមគ្រឹះស្ថានអប់រំសិក្សា សាលារៀន វត្តអារាម និងមន្ទីរពេទ្យ ត្រូវធ្វើអនាម័យជាប់ជាប្រចាំ ដើម្បីធានាសោភ័ណភាព ផាសុកភាព និងភាពមនោរម្យ ជាពិសេសរមណីយដ្ឋាន មណ្ឌលកំសាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន៖  ក្នុងការផ្ដល់សេវាកម្ម សម្រាក លំហែ និងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានរៀបរយ ដាក់ធុងសំរាមឱ្យបានគ្រប់គ្រាន់ និងដឹកជញ្ជូនចេញឱ្យបានទាន់ពេលវេលា ។អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ត្រូវបំផុសចលនាប្រជាពលរដ្ឋ ឱ្យធ្វើអនាម័យតាមលំនៅដ្ឋាន និងតាមទីតាំងកម្មសិទ្ធិរបស់ខ្លួន ដោយត្រូវណែនាំឱ្យប្រជាជនចូលរួមសំអាត ប្រមូល ទុកដាក់សំរាម សំណល់រឹងឱ្យបានសមស្របតាមស្ថានភាពជាក់ស្ដែង នៃមូលដ្ឋាននីមួយៗ ក្នុងទិសដៅធានាឱ្យបាននូវគុណភាពបរិស្ថាន សោភ័ណភាពភូមិដ្ឋាន និងសុខភាពអនាម័យ។ ក្រៅពីនោះឯកឧត្តមក៏បានក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងរស់នៅក្នុងគន្លងបរិបទជីវិតថ្មី ដូចជា ត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬ ជែល ឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពពីគ្នា យ៉ាងតិច ១ម៉ែត្រកន្លះ ជាដើម...។ល។

អត្ថបទទាក់ទង