រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារ បញ្ជាឲ្យពន្លឿនការរៀបចំប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យ២០៣៥ ដើម្បីសុំការសម្រេចពីថ្នាក់ជាតិ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យ២០៣៥  ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ  អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត  អភិបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នោសាលាខេត្តព្រះវិហារ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានជម្រាបជូនអង្គប្រជុំពីគោលបំណងនៃកិច្ចប្រជុំគឺដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យ២០៣៥ ជូនសមាជិកគណៈកម្មាធិការ ។ លើសពីនេះទៅទៀត ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវគោលការណ៍ដល់សមាជិកអនុវត្តបន្តរួមមាន: ក្រុមការងារបច្ចេកទេសរៀបចំប្លងគោលប្រើប្រាស់ក្រុងព្រះវិហារ សហការជាមួយអ្នកពាក់ព័ន្ធទាំងអស់  ត្រូវពន្លឿនឲ្យបានឆាប់រហ័ស  និងគ្រប់ជ្រុងជ្រោយទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់ជាមូលដ្ឋានដើម្បីដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មកក្រុង និងខេត្តព្រះវិហារ ព្រមទាំងបញ្ជូនសុំការសម្រេចពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ពិនិត្យ និងសម្រេច ។ឯកឧត្តមអភិបាលបន្ថែមថា រាល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី និងការអភិវឌ្ឍផ្សេងៗក្នុងក្រុងព្រះវិហារ សូមឲ្យអនុលោមទៅតាមប្លង់គោលដែលបានពិនិត្យ និងកែសម្រួលរួចរាល់ក្នុងកិច្ចប្រជុំនាពេលនេះ រហូតដល់មានការប្រើប្រាស់នូវប្លងគោលប្រើប្រាស់ដីក្រុងព្រះវិហារ ជាផ្លូវការ ។

អត្ថបទទាក់ទង