នាព្រឹកថ្ងៃចន្ទ ០៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ ចឹក ហេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត អញ្ជើញទទួលជូបប្រតិភូនៃសមាគមប្រឹក្សាសុខភាពប្រជាជនដឹកនាំដោយលោកវេជ្ជបណ្ឌិត ជិន សំណាង ក្នុងពិធីប្រគល់សម្ភារវេជ្ជសាស្រ្ត ជែល អាល់កុល និងម៉ាស ដែលជាអំណោយរបស់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងលោកជំទាវ សម្រាប់ចែកជូនរដ្ឋបាលខេត្ត មន្ទីរសុខាភិបាល មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំង៨ ។
មានប្រសាសន៍ក្នុងឳកាសនោះ លោកជំទាវ ចឹក ហេង អភិបាលរងខេត្ត បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ របស់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្ត មណ្ឌលព្រះវិហារ ចំពោះសុខទុក្ខ ជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋ ខេត្តព្រះវិហារ ដែលកន្លងមកលោកតែងតែបានបញ្ជូនក្រុមគ្រូពេទ្យកូរ៉េ គ្រូពេទ្យខ្មែរ ដែលមានសមាគមប្រឹក្សាប្រជាជនជាអ្នកសម្របសម្រួល មកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិថ្លៃ ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងនាពេលនេះ រដ្ឋបាលខេត្ត ទទួលបាននូវសម្ភារវេជ្ជសាស្ត្រ រួមមាន ជែល អាល់កុល ម៉ាស ដែលជាអំណោយរបស់ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ ដើម្បីការពារទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ និងការបើកឪ្យចូលរៀនរបស់សិស្សានុសិស្ស ។ បន្ថែមពីនេះលោកជំទាវអភិបាលរង ក៏បានថ្លែងអំណរគុណដល់លោក វេជ្ជបណ្ឌិត ជិន សំណាង និងក្រុមការងារនៃសមាគមប្រឹក្សាសុខភាពប្រជាជនដែលបាននាំយកនូវសម្ភារដែលជាអំណោយ ដ៏ថ្លៃថ្លានាពេលនេះ ។
មានប្រសាសន៍នោះដែល លោកវេជ្ជបណ្ឌិត ជិន សំណាង បានលើកឡើង ពីការយកចិត្តទុកដាក់របស់សមាគមប្រឹក្សាសុខភាពប្រជាជន ការនាំមកនូវក្រុមគ្រូពេទ្យមកព្យាបាលជំងឺដោយឥតគិថ្លៃ ជាពិសេសឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ដែលលោកតែងតែចង្អុលបង្ហាញឲ្យមានការយកចិត្តទុកដាក់ពីសុខភាពប្រជាជនក្នុងខេត្តព្រះវិហារទាំងមូល។ ហើយលោកវេជ្ជបណ្ឌិតបានបញ្ជាក់ ថា អំណោយជាសម្ភារនាំយកមកប្រគល់ជូននាពេលនេះរួមមានជែល លាងដៃចំនួន១០០០ដប អាល់កុល៣០លីត្រ ម៉ាស៥០ប្រអប់ និងសម្លៀកបំពាក់វេជ្ជសាស្រ្តចំនួន៥០ឈុត ដែលនឹងបែងចែកជូនសាលាខេត្ត សាលាក្រុងស្រុក មន្ទីរសុខាភិបាល និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ។