យោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ បានចុះពិនិត្យទីតាំងដើម្បីដាក់ចេញនូវវិធានការចំពោះមុខឆ្លើយតបទៅនឹងស្ថានការ នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើពិភពលោក។ដោយមានការអញ្ជើញចូលរួមអមដំណើរនាឱកាសនោះ រួមមាន ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជាច្រើនរូបផងដែរ ។ ចំពោះទីតាំងដែលត្រូវចុះត្រួតពិនិត្យនាពេលនោះមានចំនួន ៣ទីតាំងផ្សេងៗគ្នា គឺទីមួយ មណ្ឌលសុវត្ថិភាពតាកឹង ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ទីពីរ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ ស្ថិតនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ និងទី៣ សណ្ឋាគារហ្គ្រីនផាលែស ស្ថិតនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។
ជាលទ្ធផល គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តព្រះវិហារ ដោយមានការឯកភាពយល់ព្រមពីម្ចាស់ទីតាំង បានសម្រេចជ្រើសរើសយកចំនួន ២ទីតាំង គឺទីមួយ សណ្ឋាគារហ្គ្រីនផាលែស សម្រាប់ព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩ និងមណ្ឌលសុវត្ថិភាពតាកឹង សម្រាប់ពិនិត្យប្រជាពលរដ្ឋដែលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ។