SEARCH
នៅថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំ ស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គត នាវេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ ៖
១-ប្រកាសថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃកាន់ទុក្ខជាផ្លូរការ។
២-គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្អូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
៣-គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សនជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងការចាក់ផ្សាយនូវទស្សនីយភាព ផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួងស្ថាប័ន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងជនរួមជាតិទាំងអស់នៅក្នុងព្រះរាជាណាក្រកម្ពុជា ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាកិច្ចចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ៕