នារសៀថ្ងៃអង្គារ ០៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ តុលា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាល មេបញ្ជាការកងកម្លាំងទាំងបី មេបញ្ជាការតាបណ្តោយព្រំដែន ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក អធិការនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេប៉ុស្តិជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់សុវណ្ណ បានសង្កត់ធ្ងន់លើសភាពការណ៍ទូទៅ និងស្តាប់នូវផែនការរបស់កងកម្លាំងទាំងបីក្នុងខេត្ត លើការបង្ការទប់ស្កាត់បទល្មើសនានា សភាការណ៍តាមបណ្តោយព្រំដែន ជាពិសេសផែនការបង្កា ទប់ស្កាត់ពីពួកអមិត្តទាំងក្នុងនិងខាងក្រៅ ដែលគ្រោងប្រមូលកម្លាំងបង្កចលាចលសង្គមនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានណែនាំ និងដាក់ចេញនូវបទបញ្ជាក្នុងការបង្កើនការប្រចាំការ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅចំពោះមុខរួមមាន៖
១\ស្នើឲ្យគណៈបញ្ជាការឯកភាពក្រុង ស្រុក ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវខ្លឹមសារសេចក្តីជូនដំណឹងលេខ២៧១៨ សជណ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ។ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពង្រឹងការអនុវត្តផែនការការពារនិងទប់ស្កាតជនក្បត់ជាតិ សម រង្សី ។ត្រូវយកចិត្តទុកដាក់ការពារ សន្តិសុខសណ្តាប់ធ្នាប់តាមទីវត្តអារាម និងសន្តិសុខ សុវត្ថិភាពតាមលំនៅជូនជូនប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែខាងមុខនេះ។ លើសពីនេះទៀត ត្រូវតាមដាន និងក្តាប់សភាពការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយក្នុងភូមិសាស្រ្តរបស់ខ្លួនព្រមទាំងមានវិធានការឲ្យទាន់ពេលវេលាទៅលើសកម្មភាពកៀរគរកម្លាំងប្រមូលផ្តុំទទួលជនក្បត់ជាតិ សម រង្សី នៅរាជធានីភ្នំពេញនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនត្រូវប្រហែសដោយប្រការណាមួយឡើយ ។
២\បង្កើនកិច្ចសហប្រតិបត្តិការណ៍ និងរក្សាទំនាក់ ទំនងល្អជាមួយខេត្តជាប់ព្រំដែនកម្ពុជា ថៃ ឡាវ ដោយពង្រឹងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកជាប្រចាំ ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសផ្សេងៗទៀតនៅតាមបណ្តោយព្រំដែន។
៣\ប្រធានមន្ទីរអង្គភាព កងកម្លាំងសមត្ថកិច្ច ត្រូវចូលរួមដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត។