រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារចុះសាកសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្តោយព្រំដែនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្តោយព្រំដែនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត មេបញ្ជការតាមបណ្តោយព្រំដែន គ្រប់អង្គភាព ប្រធាន មន្ទីរអង្គភាព និងនាយទាហាន ពលទាហាន ជាច្រើនរូប នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលបានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាករបស់បងប្អូនកងទ័ពយើង តាមរយៈការផ្គត់ផ្គង់សម្ភារៈជាតម្រូវការផ្សេងៗ សង់លំនៅដ្ឋាន និងផ្តល់ដី សម្បទានសម្រាប់បង្កបង្កើនផល ជាពិសេស សម្ដេច តែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដើម្បីបង្កលក្ខណៈដល់ការរស់នៅរបស់កងទ័ពយើង ឱ្យមានស្ថានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបន្តថា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។ ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ថ្វីត្បិតកងកម្លាំងទាំងអស់ត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងច្រើនក៏ដោយ ទាំងការងារកិច្ចការពារ បូរណភាពទឹកដីស្របពេលមានជម្លោះឈ្លានពានទឹកដីពីភាគីថៃ និងមានជម្លោះបញ្ហាព្រំដែន តិចតួចជាមួយភាគីឡាវ និងការងារកសាងអង្គភាពផងនោះ ក៏កងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែង តស៊ូយកអស់កម្លាំងកាយកម្លាំងចិត្ត និងលទ្ធភាព ពុះពារជំនះរាល់ឧបសគ្គ រហូតសម្រេចបានជោគជ័យគ្រប់ ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទាំងសមរភូមិមុខ ក៏ដូចជានៅសមរភូមិក្រោយ ប្រកបដោយទឹកចិត្តមុះមុត ស្មារតីអង់អាច ក្លាហាន តស៊ូប្តូរផ្តាច់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន និងចងចាំមិនភ្លេចនោះឡើយនូវគំរូវីរៈភាព ដ៏អង់អាចក្លាហានរបស់កងទ័ពយើង។

ក្នុងឱកាសនោះនាយទាហាន ពលទាហានទាំងអស់ដែលឈរជើងការពារព្រំដែនបានប្តេជ្ញាយ៉ាងមុះមុតចំពោះមុខ ឯកឧត្តមអភិបាលខេត្ត ។ និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត នឹងប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ សម រង្សី ដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ និងញុះញង់បង្កចលាចលដល់សង្គមជាតិ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថែមទាំងបានប្រមាថដល់ព្រះចេស្តា អង្គព្រះមហាក្សត្រ ថែមទៀតផង ។បន្ថែមពីនេះទៀត នាយទាន ពលទាហាន ប្តេជ្ញាបន្តរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់ ស្ថេរភាព សន្តិភាព និងបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលដើម្បីប្រទេសជាតិយើងមានភាពរីកចម្រើន សម្បូរសប្បាយ រុងរឿង នៅក្រោម ដំបូលសន្តិភាព និងមានឈ្មោះបោះសម្លេងល្បីរន្ទឺលើឆាកអន្តរជាតិ។

អត្ថបទទាក់ទង