រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារ ដាក់ចេញវិធានការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់បុណ្យភ្ជុំបិណ្ឌ

នាព្រឹកថ្ងៃសុក្រ០៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំ គណបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពី អភិបាលរងខេត្ត មេបញ្ជការកងកម្លាំងទាំងបី មេបញ្ជាការកងកម្លាំងតាមបណ្តោយព្រំដែន ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មេឃុំ និងចៅសង្កាត់។ កិច្ចប្រជុំមានគោលបំណងបូកសរុបសភាពការណ៍ទូទៅ និងដាក់ចេញវិធានការបន្តសម្រាប់ត្រីមាសទី៤ ខាងមុខនេះ សំដៅធានាបានសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យទាំងក្នុង និងជាមួយប្រទេសជិតខាង ។ ឯកឧត្ដមអភិបាលខេត្តបានដាក់ចេញនូវវិធានការសំខាន់ៗដូចជា ១/បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ២/ បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង តាមបណ្តោយព្រំដែន ដោយធ្វើការបង្កើនទំនាក់ទំនងល្អរវាងអាជ្ញាធរ និងអាជ្ញាធរ កងកម្លាំង និងកងម្លាំងជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ-ថៃ ។ ពង្រឹងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកជាប្រចាំដើម្បីបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្ត និងបទល្មើសឆ្លងដែន ព្រមទាំងបទល្មើសផ្សេងៗទៀតតាមបណ្តោយព្រំដែន។ ៣/គណបញ្ជការឯកភាពស្រុក ត្រូវប្រុងប្រយ័ត្ន និងត្រៀមបង្ការចំពោះទឹកជំនន់ដែលអាចកើតឡើងជាថ្មីព្រមទាំងបូកសរុបរបាយការណ៍អំពីផលប៉ះពាល់ និងការខូចខាតអំពីទឹកជំនន់ជាប្រចាំ រួចបញ្ជូនមករដ្ឋបាលខេត្តឱ្យបានទាន់ពេលវេលា។ ៤/ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់តាមទីវត្តអារាម និងសន្តិសុខ សុវត្ថិភាព តាមលំនៅដ្ឋានជូនប្រជាពលរដ្ឋក្នងឱកាសបុណ្យភ្ជំបិណ្ឌនេះ ។ ព្រមទាំងតាមដាន និងក្តាប់សភាពការណ៍ឲ្យបានសព្វជ្រុងជ្រោយក្នុងភូមិសាស្រ្តរបស់ខ្លួន និងរាយការណ៍មកថ្នាក់លើជាប្រចាំ ដើម្បីចាត់វិធានការបានទាន់ពេលវេលា ទៅលើសកម្មភាពកៀគរកម្លាំងប្រមូលផ្តុំដើម្បីឡើងទៅទទួលជនក្បត់ជាតិ សម រង្សី នៅរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងន័យរក្សាឲ្យបាននូវសន្តិសុខសណ្តាប់សង្គម និងសន្តិភាពជាតិ។ ៥/ រដ្ឋបាលខេត្ត នឹងចាត់វិធានការដកហូតដីព្រៃឈើដែលបានទន្រ្ទានកាន់កាប់ដោយខុសច្បាប់ មកជាសម្បត្តិរដ្ឋវិញ ព្រមទាំងនិរាករណ៍នូវរាល់ឯកសារបញ្ជាក់ខុសឆ្គងនានាលើដីព្រៃឈើនោះ និងណែនាំមិនឱ្យអាជ្ញាធរឃុំ និងស្រុកបញ្ចាក់លើឯកសារដីព្រៃឈើរបស់រដ្ឋឡើយ។

អត្ថបទទាក់ទង