នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវ គម្រោងអ៊ុតកៅស៊ូបេទីមេណឺ(AC)កម្រាស់ ០៥សង់ទី ម៉ែត្រ លើចំនួន០៣ខ្សែ ប្រវែងសរុប៤,៨៥០ម៉ែត្រ ក្នុងក្រុងព្រះវិហារខេត្តព្រះវិហារ ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា គម្រោងជួសជុលផ្លូវនេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់រដ្ឋបាលខេត្តតាមរយះគម្រោងអភិវឌ្ឍខេត្តសម្រាប់ ឆ្នាំ២០១៩ ដើម្បីបង្កលក្ខណៈងាយស្រួលជូនសល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរនិងដឹកកសិផលយកមកទីផ្សារផងដែរ។
បន្ថែមពីនោះទៀតឯកឧត្តមអភិបាលខេតព្រះវិហារ បានស្នើសុំឲ្យក្រុមហ៊ុនដែលទទួលការអនុវត្តជួសជុលផ្លូវនេះ ត្រូវយកចិត្តទុកដាក់ ធ្វើយ៉ាងណាគោរពតាមបទដ្ឋានបច្ចេកទេស ធានាផ្លូវទាំងនេះមានគុណភាព និងសោភ័ណភាព ។លើសពីនោះទៅទៀត ស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមយក់ចិត្តថែទាំផ្លូវទាំងអស់គ្នា ចៀសវាងការលុបប្រឡាយទឹក គន្លងផ្លូវទឹក បង្ហូរផ្លូវឬដឹកជញ្ជូនលើសកម្រិតកំណត់ ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង។