គ្រាន់តែមេឃបានបង្អុរភ្លៀងប៉ុន្មានមេភ្លាមមកនោះ ហាក់នាំឲ្យតំបន់រមណីយដ្ឋានទឹកធ្លាក់តេជោបុស្សស្បូវដែលស្ថិតនៅតំបន់ជាយដែនរវាងខេត្តព្រះវិហារ និងប្រទេសថៃឯណោះប្រែជាស្រស់បំព្រងបែបធម្មជាតិ ជាមួយទេសភាពព្រៃឈើតូចធំដុះអមលាយឡំជាមួយនឹងផ្ទាំងថ្ម អាចអង្គុយទទួលទានអាហារ និងចុះងូតទឹកត្រជាក់ស្រេងលេងកម្សាន្ត ក្រោមម្លប់ក្យូស ផ្ទាំងថ្ម និងដើមឈើ យ៉ាងរីករាយរំសាយអស់នូវក្តីនឿយហត់ភ្លែតតែម្តង។
រមណីយដ្ឋានទឹកធ្លាក់តេជោបុស្សស្បូវ ដែលមានទេសភាពព្រៃឈើធម្មជាតិបៃតងស្រងាត់នារដូវវស្សានេះ ស្ថិតនៅក្នុងភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយភ្ញៀវទេសចរគ្រាន់តែចូលតាមផ្លូវក្រួសក្រហម មានចម្ងាយប្រមាណ ១៦ គីឡូម៉ែត្រផ្លូវជាតិនៅត្រង់ចំណុចកណ្តាលនៃផ្លូវបំបែកឆ្ពោះទៅតំបន់ប្រាសាទព្រះវិហារ និងទៅកាន់ទីប្រជុំជនស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។