រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

សិស្សានុសិស្សនិទ្ទេសA ខេត្តព្រះវិហារចំនួន៤រូប ទទួលបានការលើកទឹកចិត្តនូវកុំព្យូទ័រម្នាក់ៗចំនួន១គ្រឿង និងថវិកា៥លានរៀល

នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិប្រឡងជាប់និទ្ទេសA សម្រាប់ឆ្នាំសិក្សា២០២១-២០២២នាសម័យប្រឡង០៥ ធ្នូ ២០២២ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្តប្រធានមន្ទីរអប់រំយុវជន និងកីឡា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទទួលបាននិទ្ទេសA នៅសាលាប្រជុំសាលាខេត្តព្រះវិហារ។

បន្ទាប់ពីស្តាប់ការអានរបាយការណ៍ពីសំណាកលោកប្រធានមន្ទីរអប់រំយុវជន និងកីឡារួចមក ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានលើកឡើងពីការរីកចម្រើនយ៉ាងខ្លាំងលើវិស័យអប់រំ ដែលវិស័យដ៏មានសារសំខាន់បំផុតសម្រាប់ការលើកកម្ពស់សេដ្ឋកិច្ចជាតិ ។ឯកឧត្តមបន្តជាក់ស្តែងឆ្នាំនេះខេត្តព្រះវិហារយើង ទទួលបាននិទ្ទេសល្អប្រសើររហូតដល់ចំនួន៤នាក់ ដែលនេះធ្វើឲ្យកម្ពុជាទទួលបានធនធានមនុស្សកាន់ច្រើន ក្នុងការចូលរួមអភិវឌ្ឍជាតិនាថ្ងៃអនាគត។ឯកឧត្តមទៀតបន្តថា ដើម្បីបង្កើននូវសមត្ថភាពដល់សិស្សានុសិស្ស ក្នុងនាមថ្នាក់ដឹកនាំខេត្ត នឹងធ្វើយ៉ាងណាគ្រប់វិទ្យាល័យនៅទូទាំងខេត្តព្រះវិហារ មានសាលកុំព្យូទ័រ១យ៉ាងតិច។

មានប្រសាសន៍ផ្តាំផ្ញើរនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា បានថ្លែងអបអរសាទរដល់សិស្សានុសិស្សដែលបាននិទ្ទេសល្អប្រសើរនាពេលនេះ និងសូមបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀតដើម្បីអនាគតរបស់យើង និងសង្គមជាតិយើង។

អត្ថបទទាក់ទង