នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២២ ឯកឧត្តមគីមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបាទអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចាក់បេតុងប្រវែង៩៥០ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះឯកឧត្តម គីម រិទ្ធី ថាសមិទ្ធផលទាំងនេះកើតចេញពីសុខសន្តិភាព ក្រោមគោលនយោបាយដ៏ត្រឹមត្រូវ និងប៉ិនប្រសព្ធព្រមទាំងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យសេដ្ឋកិច្ច សង្គមកិច្ច ត្រូវភិវឌ្ឍរីកចម្រើនជាលំដាប់ ជាក់ស្តែងនាឱកាសនេះដោយមើលឃើញពីផលលំបាកធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារ បានសម្រេចសាងសង់ និងជួសជុលផ្លូវក្រាលកៅស៊ូឌីប៊ីអេសធីប្រវែង៩៥០ម៉ែត្រ ចែកចេញចំនួន០៣ខ្សែ ។
ឯកឧត្តមបន្តថា នាពេលខាងមុខឆាប់ៗនេះប្រជាពលរដ្ឋយើងនឹងទទួលបានផ្លូវដ៏ស្រស់ស្អាត និងមានសោភណ្ឌភាពល្អ ធ្វើដំណើរស្រួលនាពេលខាងមុខដ៏ខ្លី ។ទន្ទឹម នឹងសមិទ្ធផលទាំងនេះ ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើង សូមមេត្តាជួយថែរក្សាផ្លូវទាំងនេះ ទាំងអស់គ្នា ពីព្រោះជាផ្លូវរបស់បងប្អូនទាំងអស់គ្នា ទុកជាគុណប្រយោជន៍ដ៏មានសារៈសំខាន់សម្រាប់កូនចៅយើងជំនាន់ក្រោយ ។