រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រដ្ឋបាលខេត្តព្រះវិហាររៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០២២

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តព្រះវិហារបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ប្រធាន-សមាជិកក្រុមប្រឹក្សាស្រុកជ័យសែន គណៈអភិបាលស្រុកជ័យសែន ក្រុមប្រឹក្សាឃុំ ក្នុងស្រុកជ័យសែន និងប្រជាពលរដ្ឋក្នុងស្រុកជ័យសែនជាច្រើនរូប។

ឯកឧត្តម ប្រាក់សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានមានប្រសាសន៍ថាអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺតម្រូវឲ្យក្រុមប្រឹក្សា រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុង ស្រុករបស់ខ្លួនក្នុងអំឡុងត្រីមាសទី៤ ឆ្នាំនីមួយ និងចំពោះក្រុមប្រឹក្សាក្រុងស្រុក ត្រូវរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមឃុំ សង្កាត់នានាក្រុង ស្រុករបស់ខ្លួនក្នុងអំឡុងខែមិថុនា នៃឆ្នាំនីមួយៗ ។ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា ការរៀបចំវេទិការនេះឡើងក្នុងគោលបំណង ធានាថារាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ និងដោះស្រាយ រួមគ្នាក្នុងកិច្ចដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈការផ្តល់ព័ត៌មានទៅប្រជាពលរដ្ឋ និងការទទួលព័ត៌មានពីសមិទ្ធផល តម្រូវការ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន ។

ក្នុងឱកាសនោះដែរឯកឧត្តម គីម រិទ្ធី បានជម្រាបជូនអង្គវេទិការនូវសមិទ្ធផលសម្រេចបានរបស់រដ្ឋបាលខេត្ត ដោយគិតត្រឹមរយៈពេល៩ខែឆ្នាំ២០២២នេះ យើងកត់សម្គាល់ឃើញថាគ្រប់លទ្ធផលសកម្មភាពទាំងអស់មានការវិវត្ត និងរីកចម្រើនទាំងវិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានល្អក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតពីរាជរដ្ឋាភិបាល ក្រសួងស្ថាប័នជាតិ និងមានការដឹកនាំផ្ទាល់ពីថ្នាក់ដឹកនាំខេត្តព្រមទាំងការចូលរួមសហការអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ។

សូបបញ្ជាក់ផងដែរថា ប្រធានបទវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០២២ រួមមាន ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី ការងារអប់រំយុវជន និងកីឡា សុខភាពអនាម័យ សុខភាពមាតា និងទារក និងការងារទប់ស្កាត់ជំងឺកូវីដ ១៩ ។

អត្ថបទទាក់ទង