រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ប្រជាពលរដ្ឋ៨២៥គ្រួសារស្នើនឹង១.២២៤ក្បាលដីរស់នៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ទទួលបានប័ណ្ណកម្មសិទ្ធស្របច្បាប់


នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុង ពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅរស់ភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន ១២២៤ក្បាលដី ដែលមានផ្ទៃដីទំហំ ៨២៣ ហិកតា ជូនប្រជាពលរដ្ឋចំនួន ៨២៥ គ្រួសារដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាល ប្រធានក្រុមប្រឹក្សាស្រុក មេឃុំរំដោះស្រែ និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅវត្តពពូល ភូមិគោក ឃុំរំដោះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
មានប្រសាសន៍នាឱកាសនោះឯកឧត្តមអភិបាលខេត្តថ្លែងអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ហើយវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវចែកជូនប្រជាពលរដ្ឋនៅថ្ងៃនេះ គឺជាលទ្ធផលនៃការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីលើការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ ហើយយើងនៅចាំបានថា ក្នុងយុទ្ធនាការអនុវត្តនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លីកន្លងទៅ សម្រាប់ខេត្តព្រះវិហារ គឺជាជំហានមួយថ្មីនៃការកែទម្រង់ដីធ្លីដ៏ស៊ីជម្រៅ ដើម្បីដោះស្រាយស្ថានភាពនៃការកាន់កាប់ដីធ្លីឲ្យមានសុវត្ថិភាព រឹងមាំ ធ្វើឲ្យកសិករមានដីកសិកម្មដើម្បីធ្វើអាជីវកម្ម លើកកម្ពស់ជីវភាពរស់នៅ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមអភិបាលបន្តថា ៖សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់បញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតីលះបង់ខ្ពស់ និងមានជំនឿ ជឿជាក់លើ គោលនយោបាយរបស់រាជរដ្ឋាភិបាល លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសំដៅលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់បងប្អូនប្រជាជនក្នុងខេត្តព្រះវិហារយើងឲ្យកាន់ តែប្រសើរឡើង ។ជាចុងក្រោយឯកឧត្តមអភិបាលបានផ្តាំផ្ញើរដល់ ក្នុងករណីមានទំនាស់ដីធ្លីកើតឡើងក្នុងមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាធ្វើការសម្របសម្រួលឲ្យអស់លទ្ធភាព ទាំងក្នុងយន្តការ និងក្រៅយន្តការ មុននឹងបញ្ជូនមករដ្ឋបាលខេត្ត ។

អត្ថបទទាក់ទង