#រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៦ ខែតុលាឆ្នាំ២០២២នេះ នៅសាលប្រជុំភោជនីដ្ឋានលីហួត មានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង ខ្ពស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលពិធីនេះមានការចូលរួមពី លោក ហួយ វុត្ថា អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រេងកាត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ
និសិ្សត និងយុវជន សសយក ជាច្រើនរូប។
មានប្រសាសន៍បើកអង្គសិក្ខាសាលានាពេលនោះ ឯកឧត្តម វ៉ាត ប៉ារ៉ានីន បានសម្ដែងនូវក្ដីសោមនោសរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់នាយកដ្ឋានជុំវិញ និងអភិវឌ្ឍន៍ធនធានប្រេងកាតនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពល បានចំណាយពេលដ៏មមាញឹក ដើម្បីរៀបចំអង្គសិក្ខាសាលាផ្សព្វផ្សាយស្ដីពី បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា នៅខេត្តព្រះវិហារ នាពេលនេះ។ ឯកឧត្តមបន្តថា សិក្ខាសាលានាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្ដល់នូវចំណេះដឹងពីវឌ្ឍនភាព និងបច្ចុប្បន្នភាពវិស័យប្រេងកាតនៅកម្ពុជាដល់មន្ត្រីរាជការ យុវជន សិស្សនិសិ្សត និងអ្នកចូលរួមទាំងអស់នៅក្នុងខេត្តព្រះវិហារ។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនាពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដាប់ដើម្បីចាប់យកនូវចំណេះដឹងល្អៗពីវគ្គបណ្ដុះបណ្ដាល ក្រោមការធ្វើបទបង្ហាញពីគ្រូឧទ្ទេសនៃនាយកដ្ឋានកិច្ចការប្រេងកាត ព្រោះថាវិស័យប្រេងកាត គឺជាធនធានដ៏មានតម្លៃរបស់ជាតិ សម្រាប់ការជម្រុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផលប្រយោជន៍ យូអង្វែង របស់ជាតិ និងលើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោក ហួយ វុត្ថា មានប្រសាសន៍ថា ធនធានប្រេងកាត គឺជាធនធានដ៏មានតម្លៃ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លោកបន្តថា បេសកកម្មចំបងរបស់ក្រសួងរ៉ែនិងថាមពល គឺប្រកាន់យកនូវទស្សនវិស័យ ដែលជម្រុញឲ្យមានការអភិវឌ្ឍន៍ និងអាជីវកម្មធនធថានប្រឹងកាត បញ្ចៀសឲ្យបាននូវអតិបរមានូវផលប៉ះពាល់អវិជ្ជមានផ្សេងៗ ដល់បរិស្ថាននិងសង្គម ព្រមទាំងការពារ និងជម្រុញលើកម្ពស់ផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន ដើម្បីប្រែក្លាយការវិនិយោគក្នុងវិស័យនេះ បានប្រកបដោយទិន្នផលសេដ្ឋកិច្ចសង្គមខ្ពស់បំផុត និងមានតម្លាភាព។