រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមគីម រិទ្ធី ប្តេជ្ញាលើកកម្ពស់ជីវភាពរស់​នៅរបស់សហគមន៍ និងកិច្ចការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព

នៅព្រឹកថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2022 ឯកឧត្តមគីមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះ​បណ្តាល ស្តីពីការ​គ្រប់គ្រងសហគមន៍តំបន់ការពារ ធម្មជាតិ ដល់ក្រុមប្រឹក្សាឃុំ/សង្កាត់ នៅ ខេត្តព្រះវិហារ ដោយមានការចូលរួមពីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកលោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។និងមេឃុំចៅសង្កាត់ជាច្រើនរូបនៅសាលប្រជុំភោជនីយដ្ឋានលីហួត ក្រុងព្រះវិហារ ។
​មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ថា វគ្គបណ្តុះ​បណ្តាល ស្តីពីការ​គ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ដល់ក្រុមប្រឹក្សាឃុំ​/សង្កាត់ នៅ​ខេត្ត​ព្រះវិហារ នាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងដល់ក្រុម ប្រឹក្សាឃុំ/សង្កាត់ ទាំង​អស់ឱ្យមានសមត្ថភាព​គ្រប់គ្រាន់ ក្នុងការសម្របសម្រួលការងារសហគមន៍​តំបន់ការពារ ធម្មជាតិ ​ស្រប​តាម​គោល​នយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ ការពារធម្មជាតិ។
ឯកឧត្តមបន្តថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺជាសកម្មភាពមួយដែលបាននឹងកំពុងអនុវត្ត​ស្រប​ទៅតាម​គោល​នយោបាយ​​របស់រាជរដ្ឋាភិបាល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ក្នុងគោលដៅផ្តល់​សិទ្ធិដល់​ប្រជាសហគមន៍​មូលដ្ឋាន ក្នុងការចូលរួមគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ បម្រើសេចក្តីត្រូវ​ការក្នុង​ជីវ​ភាពរស់នៅប្រចាំថ្ងៃ ជាពិសេស​ចំពោះបងប្អូនរស់នៅក្បែរ និងក្នុងតំបន់ការពារធម្មជាតិ ដែលមាន​ជីវភាពរស់​នៅពឹងអាស្រ័យលើ​ធនធានធម្ម​ជាតិ។ លើសពីនេះទៀត ការរៀបចំបង្កើតសហគមន៍​តំបន់​ការពារ​​ធម្មជាតិ គឺជា​សកម្មភាពមួយក្នុងការថែរក្សានូវធន​ធាន​ព្រៃឈើ ដើម្បីរួមចំណែកកាត់បន្ថយនូវការ​ប្រែប្រួល​អាកាសធាតុ ដែលកំពុងកើតមានជាសកល។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសហគមន៍​ ក៏ដូចជាការអនុវត្តន៍​គោល​នយោបាយវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានបានធ្វើប្រតិភូកម្ម​មុខងារ ​នៃការគ្រប់គ្រង​សហគមន៍តំបន់ការពារធម្មជាតិ ជូនរដ្ឋបាលឃុំ/សង្កាត់ ដែលមានសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈ​ប្រកាសលេខ ០៣៧ ប្រក ប.ស្ថ ស្តីពីការធ្វើប្រតិភូកម្មមុខងារ “ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ” ជូនរដ្ឋបាលឃុំ/សង្កាត់ ដែលមានសហគមន៍តំបន់ការពារធម្មជាតិ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ផងដែរ។

ជាចុងក្រោយឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្តេជ្ញាគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការលើកកម្ពស់ជីវភាពរស់​នៅរបស់សហគមន៍ និងកិច្ចការអភិរក្សធនធានធម្មជាតិ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមធ្វើការផ្តាំផ្ញើរដល់ លោក/លោកស្រី ជាក្រុម​ប្រឹក្សា​ឃុំ/សង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្ត​ន៍តួនាទីភារកិច្ចរបស់ខ្លួន ដែល រាជរដ្ឋា​ភិបាល​ប្រគល់ជូនឱ្យ​មានប្រសិទ្ធភាព រួមទាំងការងារគ្រប់គ្រង និងការសម្របសម្រួលសហគមន៍តំបន់​ការ​ពារ​ធម្មជាតិ ដែល​មាននៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិៈ ខេត្តព្រះវិហារមានតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមការគ្រប់គ្រង ដោយមន្ទីរបរិស្ថានខេត្តចំនួន ១០កន្លែង លើផ្ទៃដីសរុបចំនួន ៩៦៥.៨៨២ហិកតា ដោយក្នុងនោះមាន តំបន់ការពារធម្មជាតិចំនួន ០៩កន្លែង គ្របដណ្តប់លើផ្ទៃដីទំហំ ៧៧៤.៥៦៩ហិកតា និងតំបន់របៀង អភិរក្សជីវៈចម្រុះ “ឧត្តរ” ចំនួន០១កន្លែង គ្របដណ្តប់លើផ្ទៃដីទំហំ ១៩១.៣១៣ហិកតា។

អត្ថបទទាក់ទង