រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សមាគមអតីតយុទ្ធជនខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសតែងតាំងប្រធានកិត្តិយស និងអនុប្រធានសមាគមអតីតយុទ្ឋជនខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា
មានប្រសាសន៍ប្តេជ្ញាចិត្តរបស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលត្រូវប្រកាសតែងតាំង បានថ្លែងគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងឯកឧត្តមជាប្រធានកិត្តិយសនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ និងបានប្តេជ្ញាចិត្តខិតខំអនុវត្តតាមគោលការណ៍ និងការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា យកចិត្តទុកដាក់គោរពដឹងគុណចំពោះគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនគ្រប់រូប ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ចូលរួមក្នុងការរំដោះជាតិមាតុភូមិចេញពីភ្នក់ភ្លើងសង្គ្រាម រហូតដល់ទទួលបាននូវសុខសន្តិភាពដូចសព្វថ្ងៃនេះ បន្តរៀនសូត្រ និងចងចាំទុកជាប្រវត្តិសាស្ត្រនូវគម្រូវីរភាពដ៏អង់អាចក្លាហាន មោះមុតរបស់អតីត
យុទ្ធជនរបស់យើង ដែលបានពលី លះបង់ក្នុងបុព្វហេតុជាតិមាតុភូមិ ពិសេសគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារពលី ដោយបន្តបង្កើនវប្បធម៌ចែករំលែក ជំរុញ និងចូលរួមក្នុងសកម្មភាពសាងសង់ទីជម្រកជូនដល់អតីតយុទ្ធជន និងគ្រួសារពលី ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋាន តាមរយះចុះសួរសុខទុក្ខជាប្រចាំ ព្រមទាំងចូលរួមដោះស្រាយរាល់បញ្ហាប្រឈមនានា របស់អតីតយុទ្ធជន និងគ្រួសារពលី ដើម្បីលើកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ ខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាជំរុញដល់ការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
មានប្រសាសន៍នាឱកាសនោះឯកឧត្តមគន់ គីម បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលលោកតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូនជាអតីតយុទ្ធជនក្នុងខេត្តព្រះវិហារទាំងអស់ ។ឯកឧត្តមបានមានប្រសាសន៍ក្រោមម្លប់សុខសន្តិភាព បងប្អូនជាអតីតយុទ្ធជន ទទួលបាននូវគោលនយោបាយផ្តល់ដីនិងផ្ទះសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ ពិសេសការតម្លើងប្រាក់សោធននិវត្ត ប្រាក់ឧបត្ថម្ភប្រចាំខែ និងអត្ថប្រយោជន៍ជាច្រើនថែមទៀតផង ។
ជាចុងក្រោយឯកឧត្តមគន់ គីម បានផ្តាំផ្ញើរដល់ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ ត្រូវបន្តខិតខំកៀរគរធនធាននានាពីសប្បុរសជន ក្រុមហ៊ុនវិនិយោគក្នុងខេត្ត ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជាអតីតយុទ្ឋជនពិសេសពិការភាពនៅតាមមូលដ្ឋាន ឲ្យទទួលបានលំនៅដ្ឋាន និងដីបង្កបង្កើនផលចិញ្ចឹមជីវិតសមរម្យ ។