រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ពិធីសំណេះសំណាលជាមួយមន្រ្តីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីសាសនា

នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីសាសនារបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកនាយករងទីចាត់ការ ប្រធាន-អនុប្រធាអង្គភាព និងមន្រ្តីចំណុះរចនាសម្ព័ន្ធសាលាខេត្តជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

មានឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងកោតសសើរដល់មន្រ្តីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួន នាពេលកន្លងមក ។ បន្ថែមពីនោះឯកឧត្តមអភិបាលខេត្តបានស្នើឲ្យមន្ត្រីទាំងបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបំពេញការងារប្រចាំថ្ងាំ ពិសេសបន្តការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងឆាប់រហ័ស ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង មានភក្តីភាព គោរពឋានានុក្រម សហលក្ខន្តិកៈមន្រ្តីរាជការ និងលិខិតបទដ្ឋានានា ពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់ប្រសើរឡើង ថែមទៀត ។

លើសពីនោះទៅទៀតឯកឧត្តមអភិបាលខេត្តបានស្នើឲ្យមន្ត្រីទាំងអស់ចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីសុខមាលភាព សុខភាពរបស់យើងក៏ដូចជាក្រុមគ្រួសារ និងសហគមន៍យើង។ហើយឯកឧត្តមក៏បានអំពាវនាវដល់ដល់មន្ត្រីទាំងអស់ត្រូវធ្វើជាគំរូនិងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋត្រូវទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតដើម្បីត្រៀមបោះឆ្នោតជ្រើសតាំងតំណារាស្ត្រនីតិកាលទី៧នាពេលខាងមុខផងដែរ។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត បានបួងសួងវត្ថុស័ក្កិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំបី មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារសូមទទួលបានសេចក្តីសុខសេចក្តីចម្រើន សុវត្ថិភាពក្នុងការធ្វើដំណើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។

ក្នុងឱកាសនោះឯកឧត្តម ក៏បាននាំយកនូវថវិកាមួយចំនួនជាការលើកទឹកចិត្តដល់មន្រ្តីដែលបានខិតខំបំពេញការងារក្នុងរដ្ឋបាលខេត្តព្រះវិហារ ផងដែរ ។

អត្ថបទទាក់ទង