១.សាវតាខេត្តព្រះវិហារ
I/-អំពីប្រវត្តិនិងភូមិសាស្រ្តខេត្តព្រះវិហារ
ខេត្តព្រះវិហារ ត្រូវបានបង្កើតឡើងដោយក្រមលេខ១៩៤-ប-រ នាថ្ងៃទី២២ ខែកក្កដាឆ្នាំ១៩៦៤ គឺក្រោយពេលព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីលើប្រទេសថៃតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅទីក្រុងឡាអេប្រទេសហូឡង់ ដោយបានដាក់ឈ្មោះថា ខេត្តព្រះវិហារ។ ខេត្តព្រះវិហារកាលនោះមានតែចំណួន០៤ស្រុក គឺស្រុករវៀង,ឆែប,ស្រុកជាំក្សាន្តដែលកាត់ចេញពីខេត្តកំពង់ធំ និងស្រុកអង្គរធំដែលកាត់ចេញពីខេត្តសៀមរាបមាន០៣ឃុំគឺឃុំអន្លង់វែង,ថ្កូវ និងកោះកែរ ។ ខេត្តព្រះវិហារមានទីរួមខេត្តនៅកំពង់ប្រណាកឲ្យឈ្មោះថា ភ្នំត្បែងមានជ័យ។
១/ស្រុកជាំក្សាន្តមាន០៧ឃុំគឺឃុំជាំក្សាន្ត ឃុំទឹកក្រហម ឃុំប្រមេរ ឃុំយាង ឃុំព្រីងធំ និងឃុំត្រាវ ។
២/ ស្រុកឆែប មានឃុំចំនួន០៩ គឺឃុំឆែប,ឃុំម្លូព្រៃ,ឃុំក្រខឹក,ឃុំថ្មី,ឃុំច្រាច់,ឃុំពើក,ឃុំកំពង់ស្រឡៅឃុំកំពង់ជ្រៃ,ឃុំសាលា ។(ឃុំមួយចំនួនកាត់ចេញពីខេត្តស្ទឹងត្រែង)
៣/ស្រុករវៀង កាត់ចេញពីស្រុកមួយចំនួននៃខេត្តកំពង់ធំរួមមានស្រុកកំពង់ស្វាយដែលរួមមាន ឃុំស្តៅ ឃុំព្រំទេព,ឃុំភ្នំត្បែង និងឃុំធ្មាកាត់ចេញពីស្រុកសណ្តាន់ខេត្តកំពង់ធំ ។
ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ស្រុកត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩ ហើយខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន ។
២.ឥស្សរៈជនដែលធ្លាប់ជាចៅហ្វាយ ឬអភិបាលខេត្តព្រះវិហារក្រោយ១៩៧៩
បើយោងតាមឯកសារដែលបានដកស្រង់ពីសៀវភៅរាជកិច្ចដែលតម្កល់ទុកនៅបណ្ណាល័យជាតិភ្នំពេញ ឃើញថាមានចៅហ្វាយ ឬភិបាលខេត្តជាច្រើនរូបបានដឹកនាំនៅក្នុងទឹកដីខេត្តព្រះវិហារគឺ ក្រោយរយះពេលប៉ុន្មានមក ប្រទេសកម្ពុជាក៏ដូចជាខេត្តព្រះវិហារ បានទទួលនូវនូវសង្គ្រាមរ៉ាំរៃជាច្រើន ជាពិសេសចាប់ពីឆ្នាំ១៩៧០មកដល់១៩៧៩ ប្រជាពលរដ្ឋបានបាត់បង់ជីវិត ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ់ទាំងស្រុង រចនាសម្ព័ន្ធចាត់តាំងថ្នាក់ដឹកនាំមិនច្បាស់លាស់ ។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ កម្ពុជាទទួលបាននូវពន្លឺនៃសុខសន្តិភាពជាបណ្តើរក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ ដោយគិតចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០១៩ នេះមានថ្នាក់ដឹកនាំសរុប១០រូប
ដូចខាងក្រោម៖
១. | ១៩៧៩-១៩៨១ | ឯកឧត្តម វេង ឃូន ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត |
២. | ១៩៨១-១៩៨២ | ឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត |
៣. | ១៩៨៣-១៩៨៥ | ឯកឧត្តម ស៊ុក សំអេង ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត |
៤. | ១៩៨៥-១៩៨៨ | ឯកឧត្តម អោក មុនី ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត |
៥. | ១៩៨៨-១៩៩៤ | ឯកឧត្តម ស៊ុក សំអេង ប្រធានគណៈកម្មាធិការ ប្រជាជនបដិវត្តន៍ខេត្ត |
៦. | ១៩៩៤-១៩៩៨ | ឯកឧត្តម មាន សារិន អភិបាលខេត្ត |
៧. | ១៩៩៩-២០០៩ | ឯកឧត្តម ព្រាប តាន់ អភិបាលខេត្ត |
៨. | ២០០៩-២០១៦ | ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្ត |
៩. | ២០១៦-២០១៩ | ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត |
១០. | ២០១៩-បច្ចុប្បន្ន | ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្ត |