កាលពីរសៀលថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមក្នុងពិធីបុណ្យសពលោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្មរុក្ខាបប្រមាញ់និងនេសាទខេត្តព្រះវិហារដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១៩:៣៣ នាទីយប់ ថ្ងៃទី ០១ ខែកញ្ញាឆ្នាំ២០២២ ដោយរោគាពាធ ស្ថិតនៅក្នុងភូមិភារកិច្ច សង្កាត់បាលហាលក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ឯកឧត្តម គីម រិទ្ធី ក្នុងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារបានសម្ដែងសមានទុក្ខដ៏ក្រៀមក្រំ និងក្តីរន្ធត់ចិត្ត សោកស្តាយបំផុតជាក្រុមគ្រួសារសព លោក កឹម ពង្សវីរៈ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដែលបានទទួលមរណភាពដោយរោគាពាធ ។មរណភាពរបស់លោក កឹម ពង្សវីរៈ គឺជាបាត់បង់ធនធានមនុស្សដ៏គំរូមួយរូបសម្រាប់ខេត្តព្រះវិហារ ដែលលោកតែងតែបានពលិកម្មបូជាអស់ពីកម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតីប្រកបដោយការទទួលខុសត្រូវបំពេញតួនាទីភារកិច្ច ជាពិសេសលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាការបាត់បង់នូវស្វាមី និងបិតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់ស្មើជីវិត។
ឯកឧត្តមអភិបាលខេត្តក៏ដូចថ្នាក់ដឹកនាំខេត្ត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាក្ខន្ធលោក កឹម ពង្សវីរៈ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។