ព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារសហការជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រះវិហារ រៀបចំវគ្គបណ្តុះបណ្ដាលដល់ក្រុមប្រឹក្សាឃុំ សង្កាត ស្មៀនឃុំ សង្កាត់ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួម ពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តព្រះវិហារ លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងគ្រូឧទ្ទេស ថា្នក់ខេត្តមានចំនួន ០៤រូប និងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ចំនួន២៣២រូប នៅសាលប្រជុំជាន់ទី៣ សាលាខេត្តព្រះវិហារ ។
ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តបានជម្រាបពីគោលបំណងនៃវគ្គសិក្ខាសាលានេះឡើងគឺដើម្បី
ស្វែងយល់ពីរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ច កិច្ចការ ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែងរដ្ឋបាលឃុំ សង្កាត់ ការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈនៅរដ្ឋបាលឃុំ សង្កាត់ ការគ្រប់គ្រងបុគ្គលិក និងការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្មឃុំសង្កាត់ ។
ឯកឧត្តម អ៊ុង វុទ្ធី បានលើកថាក្រុមប្រឹក្សាឃុំ សង្កាត់ គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់អភិបាលកិច្ចនិងជាតំណាងឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ដែលត្រូវមានតួនាទី និងភារកិច្ច
ក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធាណៈដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាពហេតុនេះ ក្រុមប្រឹក្សាដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ឯកឧត្តមបន្ថែមថាឃុំ សង្កាត់ដែលមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំរួបរួមសាមគ្គីសហការធ្វើការជាមួយគ្នាប្រកដោយ
ការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន ដោយមិនត្រូវមានការរើសអើងបែងចែកពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ដើម្បីរស់នៅ និងបំពេញការងាររួមគ្នាប្រកបដោយភាពសុខដុមរមនាក្នុងសង្គម សម្រាប់ជាមូលដ្ឋានក្នុងការធានាចីរភាពដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គមឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្តទៀត។