រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមមប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៦៧យាងចូល ៦៨ព្រះវស្សា

ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង គម្រប់៦៧ យាងចូល៦៨ ព្រះវស្សា ទូលព្រះបង្គំ តាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល ប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ សូមព្រះបរមរាជានុញ្ញាតសម្ដែង នូវគារវកិច្ចប្រកបដោយមនោសញ្ចេតនា និងទឹកចិត្តរំភើបរីករាយយ៉ាងក្រៃលែងថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាត្តសម្ដែងនូវអំណរសាទរប្រកបដោយស្វាមីភក្តិ និងកតញ្ញុតាធម៌ ដ៏ជ្រាលជ្រៅចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លាជាទីបំផុតរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គតែងលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណបម្រើដោយស្មោះស្ម័គ្រនៅគ្រប់កាលៈទេសៈ ក្នុងបុព្វហេតុជាតិ ព្រមទាំងតែងយកព្រះទ័យទុកដាក់ខ្ពស់ចំពោះ សុខុមាលភាព និងប្រជារាស្ដ្រខ្មែរ បានរស់នៅក្នុងសុខសន្ដិភាព និងវឌ្ឍនភាព ក្រោមព្រះបារមីដ៏ពិសិដ្ឋនៃព្រះបរមសិរិរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

នាឱកាសប្រកបដោយសិរីមង្គលឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហា ស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ព្រមទាំងបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ដ្រ ខ្មែរតរៀងទៅ៕

អត្ថបទទាក់ទង