នាព្រឹកថ្ងៃសុក្រ ០៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៣ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារបានបើកកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្តសម្រាប់រៀបចំផ្ទេរបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពរដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ដោយមានការចូលរួមពីនាយរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត លើកឡើងពីការប្រតិកម្មអំណាចតួនាទីធនធានមកឲ្យថ្នាក់ក្រោមជាតិស្រមតាម គោលនយោបាយវិជ្ឈការ វិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ក្នុងន័យបង្ខិតសេវាសាធារ ក៏ដូចសេវារដ្ឋបាលកាន់តែនៅកៀកជាមួយប្រជាពលរដ្ឋ ។ជាក់ស្តែងយោងអនុក្រឹត្យលេខ១៨២ និង១៨៤ អនក្រ បក ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក សេចក្តីណែនាំស្តីពីដំណើរការសមាហរណ៍កម្មបុគ្គលិកដែលកំពុងបម្រើការងារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការិយាល័យជំនាញនានានៅថ្នាក់ក្រុង ស្រុក ខណ្ឌ នៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលខេត្តព្រះវិហារបានបង្កើតក្រុម ការងារថ្នាក់ខេត្តសម្រាប់រៀបចំផ្ទេរបុគ្គលិក និងរៀបចំមុខតំណែងគ្រប់គ្រងតាមការិយាល័យ និងអង្គភាពនានាចំណុះរដ្ឋបាលក្រុង ស្រុកនីមួយៗក្នុងដំណាក់កាលសមាហរណ៍កម្មការិយាល័យ និងអង្គភាពនានានៅថ្នាក់ក្រុង ស្រុកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ដែលមានសមាសភាពពាក់ព័ន្ធទាំងអស់ ។
លើសពីនេះទៀតឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តបានណែនាំដល់អភិបាលក្រុង ស្រុកទាំងអស់ត្រូវរៀបចំឯកសារពាក់ព័ន្ធនានាឲ្យបានឆាប់រហ័ស តាមការណែនាំរបស់ក្រសួងមហាផ្ទៃ លើការងារធ្វើសមាហរណ៍កម្មបុគ្គលិកនៃរដ្ឋបាល ក្រុង ស្រុកនីមួយៗ ដោយរួមមានការរៀបចំបញ្ជីបច្ចុប្បន្នភាពបុគ្គលិក ការវាយតម្លៃមុខតំណែងបុគ្គលិកឲ្យបាន សមស្របផងដែរ ។