រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រដ្ឋបាលខេត្តព្រះវិហារ សូមលំឱនក្រាបថ្វាយព្រះពរព្រះករុណាព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រ

តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្ររាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយ សម្តែងអំណរសាទរ ដោយមនោសញ្ចេតនាដ៏រីករាយឥតឧបមា ក្នុងឱកាសដ៏វិសេសវិសាលព្រះរាជពិធីខួបលើកទី១៥នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គទ្រង់ប្រកបព្រះរាជបញ្ញាណភ្លឺថ្លា ត្រចះត្រចង់ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះរាជសុខភាពបរិបូរណ៍ ព្រះជន្មាយុយឺយូរ ដើម្បីគង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្រ្តខ្មែរជានិរន្ត៍។

ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនី​នាថ សីហនុ។ ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៤។ មុន​ពេល​ឡើង​គ្រងរាជ្យ ព្រះបាទ​សីហមុនី ល្បីល្បាញ​ដោយ​ស្នា​ព្រះហស្ថ​របស់​ទ្រង់​ជា​ឯកអគ្គរាជទូត​វប្បធម៌​នៅ​អង្គការ​យូនេស្កូ(UNESCO) និង​ជា​គ្រូ​បង្ហាត់​របាំបុរាណដ៏​ចំណាន​។

ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់​ព្រះរាជសម្ភព​​នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នា​​ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ​ច្បង​របស់​សម្ដេច​ព្រះ​ នរោត្ដម សីហនុ និង​ព្រះ​មាតា​ព្រះ​នាម នរោត្ដម មុនីនាថ សីហនុ។ ព្រះ​អនុជ​ព្រះ​អង្គ​ព្រះ​នាម នរោត្ដម នរិន្ទ្រពង្ស (សោយ​ទិវង្គត)។ ព្រះ​អង្គ​ជា​ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​នា​ពេល​បច្ចុប្បន្ន បន្ត​រាជសម្បត្តិ​ពី​ព្រះរាជ​បិតា

សម្តេច​ព្រះ​នរោត្តម សីហមុនី​មាន​ព្រះរៀម​និង​ព្រះអនុជ​ម្តាយទីទៃ​សរុប​ចំនួន​១៣​អង្គ។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែ​មួយ​អង្គគត់​គឺ​សម្តេច​នរោត្តម និន្ទ្រពង្ស(១៩៥៤-២០០៣)។

អំឡុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​ដោយ​លោកសេនាប្រមុខ​លន់ នល់(Lon Nol) ព្រះអង្គ​ស្តេច​គង់​នៅ​ប្រទេស​ឆេកូស្លូវ៉ាគី។ ក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គទ្រង់​យាង​ចាក​ចេញ​ពី​ទីក្រុង​ប្រាគ និង​បាន​ចាប់ផ្តើម​ការ​សិក្សា​ទាក់ទង​នឹង​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កូរ៉េខាងជើង។ នៅ​ក្នុង​ឆ្នាំ១៩៧៧ ព្រះអង្គ​យាង​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កំណើត​វិញ។ ភ្លាម​ៗនោះ​ខ្មែរក្រហម​ដែល​កំពុង​កាន់​អំណាច​បាន​ប្រឆាំង​នឹង​រាជានិយម និង​បាន​ឃុំ​ព្រះអង្គ​នៅ​ក្នុង​ព្រះបរមរាជវាំង​ជាមួយ​ព្រះរាជវង្សានុវង្ស​ដទៃ​ទៀត​រហូត​ដល់​ឆ្នាំ​១៩៧៩​ក្រោម​ការ​អន្តរាគមន៍​ពី​សំណាក់​ប្រទេស ខណៈប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រទេស​វៀតណាម​វាយ​រំដោះ​ផង​នោះ។ នៅ​ឆ្នាំ​១៩៨១ ព្រះអង្គ​ទ្រង់​យាង​ទៅ​កាន់​ទីក្រុង​ប៉ារីស​ដើម្បី​បង្ហាត់​បង្រៀន​របាំ​បាឡេ និង​បាន​ទទួល​ព្រះតួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះអង្គ​ទ្រង់​គង់​នៅ​ប្រទេស​បារាំង​ជិត​២០​ឆ្នាំ ប៉ុន្តែ​ព្រះអង្គ​បាន​យាង​ទៅ​ទីក្រុង​ប្រាគ​ជា​រឿយៗ​ជា​ទី​ដែល​ព្រះអង្គ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​ព្រះជន្ម​ក្មេងវស្សា។ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​តែ​មួយ​គត់​ដែល​មាន​ព្រះសមត្ថភាព​មាន​ព្រះសុវណ្ណី​ជា​ភាសា​ឆេក។

នៅ​ក្នុង​ឆ្នាំ​១៩៩៣ ព្រះអង្គ​ត្រូវ​បាន​តែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូនេស្កូ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ជា​ទី​ដែល​ព្រះអង្គ​មាន​ប្រជាប្រិយភាព​ចំពោះ​ការតស៊ូ​ធ្វើការ​យ៉ាង​ស្វិតស្វាញ និង​ភក្តីភាព​ចំពោះ​វប្បធម៌​កម្ពុជា។ ព្រះអង្គ​ធ្លាប់​បាន​បដិសេធ​ចំពោះ​ការ​តែងតាំង​ព្រះអង្គ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង។ [៣]

នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​ជ្រើស​រើស​ដោយ​សមាជិក​ទាំង​៩អង្គនាក់​នៃ​ក្រុមប្រឹក្សា​រាជសម្បតិ្ត​ ជា​ផ្នែក​មួយ​នៃ​ដំណើរការ​យ៉ាង​ឆាប់​រហ័ស​ និង​សម​ស្រប​ ក្រោយ​ពី​ដំណឹង​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​នៃ​ការ​ដាក់​រាជ្យ​នៃ​សម្តេច​ព្រះ នរោត្តម សីហនុ កាល​ពី​មួយ​សប្តាហ៍​មុន។ ការ​ជ្រើស​រើស​នេះ​គឺ​ស្រប​តាម​ការ​យល់​ព្រម​ពី​សំណាក់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះ​ប្រធាន​រដ្ឋសភា​ដែល​ជា​ព្រះរៀម​ម្តាយ​ទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី ដែល​បុគ្គល​ទាំង​ពីរ​សុទ្ធ​តែ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​រាជសម្បត្តិ។ សម្តេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃសុក្រ ២៩ ខែ​តុលា ឆ្នាំ​២០០៤ [៤

បន្ទាប់​ពី​ព្រះ​បិតា​ទ្រង់ សម្ដេច​ព្រះ​នរោត្ដម​ សីហនុ ទ្រង់​ដាក់​រាជ្យ​សម្បត្តិ ព្រះ​អង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ ជ្រើស​តាំង​ជា​ឯកច្ឆ័ន្ទ ជា​ព្រះ​មហាក្ស័ត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បន្ត​រាជ្យ​ពី​ព្រះ​បិតា។ ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​អង្គ​ជា​ផ្លូវ​ការ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។

ព្រះ​បរមនាម​ក្នុង​រាជ្យ​របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖

"ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សី​ហ​មុនី សមាន​ភូមិ​ជាតិ​សាសនា រក្ខតខត្តិយា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា​ស្រី​ពិរាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី"

"អ្នក​បម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមី​ភ័ក្តិ និង​ភ័ក្ដីភាព។ មហាក្សត្រ​ដែល​ព្រះ​ពុទ្ធ និង​ព្រះ​ឥន្ទ្រ​លោក​ឧបត្ថម្ភ។ អ្នក​រួបរួម​ខេមរជន​ទាំង​អស់។ អ្នក​ការពារ​ឯករាជ្យ បូរណភាព​ទឹក​ដី និង​សន្តិភាព​របស់​កម្ពុជា ព្រម​ទាំង​សុភមង្គល សេរីភាព និង​វិបុលភាព របស់​ប្រជារាស្ត្រ​ខ្មែរ។"

ព្រះ​នាម​របស់​ព្រះ​អង្គ គឺបាន​មក​ពី​ការ​ផ្សំ​គ្នា​រវាង​ ព្រះ​នាម​របស់​ព្រះ​មាតា​បិតា​ព្រះអង្គគឺ សីហ (សីហនុ) និង មុនី (មុនីនាថ)។

អត្ថបទទាក់ទង