រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តព្រះវិហារ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាសម្តេច ព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ គំរប់ខួប៧ឆ្នាំ

ព្រះវិហារ ៖ នាព្រឹកថៃ្ងទី១៥ខែតុលា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះវិហារ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ និង ប្រជាពលរដ្ឋសរុបចំនួន នាក់ បានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ធគំរបខួប៧ឆ្នាំ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុបន្ទាប់ពីព្រះអង្គយាងចូលទិវង្គត ព្រះអង្គយាងចូលព្រះទីវង្គតនៅវេលាម៉ោង១ និង ២០នាទី យប់រំលងអាធ្រាត ម៉ោងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយក្នុងក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះជន្ម៩០ ព្រះវស្សា ដោយព្រះជរាពាធ។

      បន្ទាប់ពីព្រះសង្ឃជយន្តោ ថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ បានអញ្ជើញ គោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ រួចមក ឯកឧត្តម ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ បានអានព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះអង្គប្រសូត្រ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២នៅរាជធានីភ្នំពេញ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យបានទាំងស្រុងពីអាណានិគមបារាំងនៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣ ដែលធ្វើឲ្យកម្ពុជាងើបមុខមាត់និងមានការរីចម្រើនជាបន្តបន្ទាប់។បព្រះអង្គជាព្រះប្រមុខរដ្ឋ មានស្នាមព្រហស្ថ ធំធេង ឧត្តុងឧត្តម កសាងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើនគួរអោយកត់សំគាល់។សមិទ្ធផលទាំង នោះមាន សកលវិទ្យាល័យ មហាវិទ្យាល័យ ជាច្រើនជំនាញ ស្ថានីយទូរទស្សន៍ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រោងចក្រចំរាញ់ប្រេងកាត រោងចក្រស្រាបៀរ រោងចក្រតំឡើងត្រាក់ទ័រ និង រថយន្តធំ រោងចក្រស្កស រោងចក្រវាយនភ័ណ្ឌ រោងចក្រក្រចៅ រោងចក្រស៊ីម៉ង់ រោងចក្រកែវ រោងចក្រក្តាបន្ទះ រោងចក្រក្រដាស់ រោងចក្រជី រោងចក្រកង់ឡាន រោងចក្រត្រីខប្រអប់ រោងចក្រផលិតជ័រកៅស៊ូ រោងចក្រវារីអគ្គិសនី និង សមិទ្ធិផលច្រើនទៀតនៅតាមបណ្តាខេត្ត ស្រុក មានសាលារៀន មន្ទីរពេទ្យ ទំនប់ប្រឡាយ ស្ពានថ្នល់ជាដើម។

 
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានបន្តថាក្នងនាមជាកូនចៅ ចៅទួត ប្រជានុរាស្រ្ត ចងចាំមិនអាចបំភ្លេចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង ឧត្តមរបស់ព្រះអង្គ ជាប្រវត្តិសាស្រ្ត និងសូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះករុណាព្រះបរមរតនកោដ្ឋ ។យើងខ្ញុំទាំងអស់គ្នាប្តេជ្ញាបន្តដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះអង្គ ក្នុងបុព្វហេតុកសាងសន្តិភាព និងការអភិវឌ្ឍជូនប្រជានុរាស្រ្ត និងថែរក្សាការពារព្រះមហាក្សត្រដើម្បីព្រះអង្គគង់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រទេសជាតិទាំងមូលតរៀងទៅ។ សូមព្រះអង្គយាងទៅសោយសុខ នៅឋានសួគ៌ា និងសូមឲ្យកម្ពុជាទទួលសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិរន្ត៍។

      សូមរំលឹកថាឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអ្នកចូលរួមក៏បានប្រគេនសាដកនិងបច្ច័យដល់ព្រះសង្ឃ៩អង្គដើម្បីថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាព ទឹកដី និង ឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ និង ចែកជូនថវិកាមួយចំនួនដល់យាយជីតាជីផងដែរ៕

អត្ថបទទាក់ទង